ផែនការសកម្មភាព
សេចក្តីសន្និដ្ឋាន
ផែនការសកម្មភាពនេះបានរំលេចចេញនូវសកម្មភាពលម្អិតនានាដែលចាំបាច់ត្រូវធ្វើដើម្បីសម្រេច
បាន
ប្រកបដោយប្រសិទ្ធភាព និងជោគជ័យនូវសកម្មភាពគោលនានាដែលមាន ក្នុងផែនការយុទ្ធសាស្ត្ររបស់
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។ អាស្រ័យដោយអង្គភាពប្រឆាំងអំពើពុករលួយទើបត្រូវបានបង្កើត
ឡើង អង្គភាពមានការងារជាច្រើនដែលត្រូវបំពេញដើម្បីសម្រេចឱ្យបាននូវបេសកកម្មរបស់ខ្លួន ។
ក្នុងន័យម្យ៉ាង ផែនការសកម្មភាពនេះហាក់ដូចជាមានមហិច្ឆតាបន្តិច ដោយសារតែបានកំណត់នូវ
សកម្មភាពជាច្រើនក្នុងពេលដ៏ខ្លីដែលមានលក្ខណៈប្រជែងក្នុងពេលតែមួយ ស្មុគស្មាញ ប្រទាក់ក្រឡា
ដែលតម្រូវឱ្យអង្គភាពធ្វើការជំរុញការអនុវត្តឱ្យបានរហ័ស ច្បាស់លាស់ និងទាន់ពេល ដើម្បីជាការតម្រង់
ទិសអង្គភាព ក៏ដូចជាស្ថាប័នទាំងមូលឱ្យស្ថិតនៅលើមាគ៌ាជោគជ័យ ។ ក្នុងន័យម្យ៉ាងទៀត ផែនការ
សកម្មភាពនេះ គឺជាសក្ខីភាពនៃការប្តេជ្ញា និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរបស់
អង្គភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ។ ជាមួយនឹងឆន្ទៈមោះមុតពីសំណាក់ថ្នាក់ដឹកនាំ និង
មន្ត្រីរបស់អង្គភាពព្រមជាមួយការគាំទ្រពីក្រុមប្រឹក្សាជាតិ យើងសង្ឃឹមថា នឹងអាចសម្រេចបាននូវការ
អនុវត្តប្រកបដោយប្រសិទ្ធភាព និងជោគជ័យ នូវផែនការសកម្មភាពនេះ ៕