អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា
I. ប្រវត្តិសង្ខេបនៃការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ
តាមការបេ្ដជ្ញាចិត្ត និងឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុងបុព្វហេតុកសាងប្រទេសឱ្យមានភាពរីកចម្រើនជឿនលឿនលើឆាកអន្តរជាតិ និងប្រែក្លាយប្រទេសជាតិឱ្យមានសេដ្ឋកិច្ចរីកលូតលាស់ពីអាណត្តិមួយទៅអាណត្តិមួយ និងដោយមើលឃើញពីផលលំបាកនៃអំពើពុករលួយជាឧបសគ្គដល់ការអភិវឌ្ឍប្រទេសជាតិរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងបង្កើតនូវអង្គភាពដែលមានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយតាំងពីឆ្នាំ១៩៩៩ រហូតមកដល់ពេលបច្ចុប្បន្ន ចែកចេញជា ៣ ដំណាក់កាលដូចខាងក្រោម៖
- ដំណាក់កាលទី១ (១៩៩៩-២០០៦)៖ អង្គភាពប្រឆាំងរាល់សកម្មភាពអំពើពុករលួយ (អ.ប.អ.ព) ដែលត្រូវបានបង្កើតឡើងដោយ អនុក្រឹត្យលេខ ៩៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៩៩ ស្ថិតនៅក្រោមការគ្រប់គ្រងនៃអគ្គលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលនៃទីស្តីការគណៈរដ្ឋមន្រ្តី។
- ដំណាក់កាលទី២ (២០០៦-២០១០)៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ “អ.ប.អ.ព” ស្ថិតនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងដោយ អនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៦។ អង្គភាពនេះមានបេសកកម្មក្នុងការធ្វើសកម្មភាពដោយផ្តោតសំខាន់លើកត្តា៣ជាសារវ័ន្ត ដែលមានភាពប្រទាក់ក្រឡាគ្នា គឺការបង្ការទប់ស្កាត់ជាមុន ការពង្រឹងការអនុវត្តច្បាប់ និងការគាំទ្រពីមហាជនក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
- ដំណាក់កាលទី៣ (២០១០- បច្ចុប្បន្ន)៖ ច្បាប់ស្តីពីការប្រឆាំងនឹងអំពើពុករលួយត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ២០១០ ដោយបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយដែលមានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) និងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)។ ក.ជ.ប.ព. មានតួនាទីដាក់ចេញយុទ្ធសាស្ដ្រ និងគោលនយោបាយប្រឆាំងអំពើពុករលួយ និងឃ្លាំមើលដំណើរការនៃការអនុវត្ត ការងាររបស់ អ.ប.ព.។អ.ប.ព. ជាប្រតិបត្តិករនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយតាមរយៈ ការអប់រំដើម្បីកុំឱ្យគេចង់ប្រព្រឹត្តអំពើពុករលួយ ការបង្ការទប់ស្កាត់ដើម្បីកុំឱ្យគេអាចប្រព្រឹត្តអំពើពុករលួយ និងការអនុវត្តច្បាប់កសាងសំណុំបែបបទបញ្ជូនជនល្មើសពុករលួយទៅតុលាការផ្តន្ទាទោសដើម្បីកុំឱ្យគេហ៊ានប្រព្រឹត្តអំពើពុករលួយ។
អង្គភាពប្រឆាំងអំពើពុករលួយមានរចនាសម្ព័ន្ធដូចខាងក្រោម៖
• ផ្នែកស៊ើបអង្កេតផ្ទៃក្នុង
• អគ្គនាយកដ្ឋានចំនួន ២
• នាយកដ្ឋានចំនួន ៨
• រិយាល័យចំណុះឱ្យនាយកដ្ឋានទាំង ៨ ចំនួន ៣៣
• ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយនៅគ្រប់ក្រសួងស្ថាប័ន
• ការិយាល័យប្រឆាំងអំពើពុករលួយរាជធានី-ខេត្ត។
សូមមើលព័ត៌មានបន្ថែមតាមរយៈតំណរនេះ៖ ...
II- ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធ
ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយមានវិសាលភាពគ្របដណ្ដប់លើបទល្មើសពុករលួយ គ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស ហើយច្បាប់នេះត្រូវបានបំពេញបន្ថែមដោយបទប្បញ្ញត្តិច្បាប់ជាធរមានដទៃទៀត។
១. ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវបានប្រកាសឱ្យប្រើ ហើយបន្ទាប់មកត្រូវបានធ្វើវិសោធនកម្ម នៅ ឆ្នាំ២០១១។ ច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានច្បាប់សំខាន់ៗ ចំនួន២ គឺក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ និងក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ដែលមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹកនាំនិងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្ដិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ។
ច្បាប់នេះបានផ្តល់ឱ្យ អ.ប.ព. នូវសមត្ថកិច្ចផ្តាច់មុខក្នុងការស៊ើបអង្កេតបទល្មើសពុករលួយបញ្ជូនទៅតុលាការ ការផ្តល់សិទ្ធិអំណាច ដល់ប្រធាន អ.ប.ព. ក្នុងការដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យបេសកកម្មរបស់មន្រ្តី អ.ប.ព. ជំនួសតួនាទីព្រះរាជអាជ្ញា និងផ្តល់បុព្វសិទ្ធិ និងអំណាចក្នុងការស៊ើបអង្កេត ដោយបដិប្បញ្ញត្តិទៅនឹងមាត្រាមួយចំនួននៃក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ។ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតនីមួយៗ អ.ប.ព. ត្រូវបញ្ជូនរាល់កិច្ចនីតិវិធីទាំងអស់ទៅព្រះរាជអាជ្ញា ដើម្បីចាត់ការបន្តស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ នៅក្នុងរឿងក្តីព្រហ្មទណ្ឌពាក់ព័ន្ធនឹងបទល្មើសពុករលួយ តុលាការដែលបានទទួលបណ្តឹង ត្រូវធ្វើការបើកសវនាការជំនុំជម្រះយ៉ាងឆាប់បំផុត (មាត្រា២១ ដល់មាត្រា៣១ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ)។
ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានបញ្ញត្តិនូវបទល្មើសពុករលួយ (ពីមាត្រា៣២ ដល់មាត្រា៤៣) សរុបចំនួន ៣៨ បទល្មើសគឺ៖
• បទល្មើសស៊ីសំណូក មានចំនួន ១០
• បទល្មើសសូកប៉ាន់ មានចំនួន ៩
• បទល្មើសពុករលួយផ្សេងៗទៀត មានចំនួន ១៩។
២. ច្បាប់ពាក់ព័ន្ធ
២.១. ក្រមព្រហ្មទណ្ឌ
ក្រមព្រហ្មទណ្ឌត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ ២០០៩ ដែលកំណត់បទល្មើស ចង្អុលបង្ហាញបុគ្គលដែលអាចត្រូវបានប្រកាសថាជាអ្នកទទួលខុសត្រូវចំពោះបទល្មើស និងកំណត់ទោស ព្រមទាំងបែបបទនៃការអនុវត្តទោសនេះ។ ក្រមព្រហ្មទណ្ឌ មាន ៦៧២ មាត្រា ដែលក្នុងនោះបានកំណត់ពីបទល្មើសពុករលួយផងដែរ តែបទល្មើសពុករលួយទាំងអស់ដែលមាន ៤០ មាត្រាត្រូវបានដកយកទៅបញ្ចូលក្នុង មាត្រា ៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយឆ្នាំ ២០១០ ដែលជាច្បាប់ពិសេស។
២.២. ក្រមនីតិវិធីព្រហ្មទណ្ឌ
ក្រមនីតិវិធីព្រហ្មទណ្ឌត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ២០០៧ ដែលមាន ៦១២ មាត្រា។ ក្រមនេះកំណត់ពីនីតិវិធីគោលនៃការកសាងសំណុំរឿងព្រហ្មទណ្ឌដោយត្រូវគោរព និងប្រព្រឹត្តតាមដោយហ្មត់ចត់ ដើម្បីកំណត់ឱ្យច្បាស់នូវអត្ថិភាពនៃបទល្មើសព្រហ្មទណ្ឌណាមួយ។ ដោយឡែកសម្រាប់នីតិវិធីអនុវត្តចំពោះបទល្មើសពុករលួយ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ និងបទល្មើសពុករលួយ ដែលមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ព្រមទាំងច្បាប់ជាធរមានដទៃទៀត ត្រូវអនុវត្តតាមនីតិវិធីដែលមានចែង ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ កាលណាពុំមានចែងនីតិវិធីដោយឡែកនៅក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនេះទេ។
ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានកំណត់នីតិវិធីពិសេសក្នុងការស៊ើបអង្កេត និងកសាងសំណុំរឿងបទល្មើស ពុករលួយបញ្ជូនទៅតុលាការ ដោយបដិប្បញ្ញត្តិនឹងមាត្រាមួយចំនួននៃក្រមនីតិវិធីព្រហ្មទណ្ឌ។
២.៣. ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ២០២៣ បានប្បញ្ញត្តិក្នុងមាត្រា ៨០ ចែងពីបទល្មើសពុករលួយក្នុងវិស័យលទ្ធកម្មសាធារណៈ និងបានផ្ដល់សមត្ថកិច្ចផ្តាច់មុខតែមួយគត់ដល់ អ.ប.ព. ក្នុងការស៊ើបអង្កេតបទល្មើសពុករលួយ និងកសាងសំណុំរឿងទៅតុលាការ (ជំនួសច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២)។
២.៤. ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ
ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្ប្តត្តិរដ្ឋ ដែលត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ ២០២០ បានប្បញ្ញត្តិក្នុងមាត្រា៨៧ ពីបទល្មើសពុករលួយក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងបានផ្ដល់សមត្ថកិច្ចផ្តាច់មុខតែមួយគត់ដល់ អ.ប.ព. ក្នុងការស៊ើបអង្កេតបទល្មើសពុករលួយ និងកសាងសំណុំរឿងទៅតុលាការ។
២.៥. ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ ២០២២ បានប្បញ្ញត្តិក្នុងមាត្រា៩១ ពីបទល្មើសពុករលួយក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងបានផ្ដល់សមត្ថកិច្ចផ្តាច់មុខតែមួយគត់ដល់ អ.ប.ព. ក្នុងការស៊ើបអង្កេតបទល្មើសពុករលួយ និងកសាងសំណុំរឿងទៅតុលាការ។
២.៦. ច្បាប់ស្តីពីសារពើពន្ធ
ច្បាប់ស្តីពីសារពើពន្ធ ដែលត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ ២០២៣ បានប្បញ្ញត្តិក្នុងមាត្រា ២៥១ ពីបទល្មើសពុករលួយក្នុងវិស័យសារពើពន្ធ និងបានផ្ដល់សមត្ថកិច្ចផ្តាច់មុខតែមួយគត់ដល់ អ.ប.ព. ក្នុងការស៊ើបអង្កេតបទល្មើសពុករលួយ និងកសាងសំណុំរឿងទៅតុលាការ។
២.៧. ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក
ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ ២០២៤ បានប្បញ្ញត្តិក្នុងមាត្រា ២៦៣ ពីមន្រ្តីមានសមត្ថកិច្ចក្នុងច្បាប់នេះ ដែលប្រើសិទ្ធិអំណាចរំលោភ ដោយទទួលបានអត្ថប្រយោជន៍ក្នុងការបំពេញមុខងាររបស់ខ្លួន ឬក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៣៥ (បទរំលោភអំណាច) នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលជាបទល្មើសពុករលួយ និងស្ថិតនៅក្រោមសមត្ថកិច្ចតែមួយគត់របស់ អ.ប.ព. ក្នុងការស៊ើបអង្កេត និងកសាងសំណុំរឿងពុករលួយទៅតុលាការ។
III. យុទ្ធសាស្ត្រ និងផែនការសកម្មភាពប្រឆាំងអំពើពុករលួយ
យុទ្ធសាស្ត្រ និងនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវបានរៀបចំដោយ ក.ជ.ប.ព. ស្របតាមអាណត្តិ របស់ខ្លួនសម្រាប់រយៈពេល ៥ឆ្នាំម្ដង។ ចាប់តាំងពីពេលបង្កើតរហូតមកដល់បច្ចុប្បន្ន ក.ជ.ប.ព. បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រ និងនយោបាយប្រឆាំងអំពើពុករលួយចំនួន ៣លើក រួចមកហើយគឺ លើកទី១ ឆ្នាំ២០១១-២០១៥ លើកទី២ ឆ្នាំ២០១៥-២០២០ និងលើកទី៣ ឆ្នាំ២០២០-២០២៥។
ដើម្បីសម្រេចគោលដៅប្រឆាំងអំពើពុករលួយ ក.ជ.ប.ព. បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៦ សម្រាប់ឆ្នាំ ២០២០-២០២៥ គឺ៖ (១) ការអប់រំ (២) ការបង្ការទប់ស្កាត់ (៣) ការងារអនុវត្តច្បាប់បង្ក្រាបបទល្មើស (៤) គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ (៥) កិច្ចសហការជាតិ អន្តរជាតិ និងការរឹបអូសផលនៃបទល្មើស (៦) ពង្រឹងសមត្ថភាព និងសុចរិតភាពស្ថាប័នសាធារណៈ និងការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រ។
ផ្អែកលើយុទ្ធសាស្ត្រ និងនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយ របស់ ក.ជ.ប.ព. អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់ចេញនូវផែនការសកម្មភាពរបស់ខ្លួន ដោយសម្រេចយកយន្តការប្រទាក់ក្រឡាគ្នា ចំនួន ៣ ក្នុងការប្រឆាំងអំពើពុករលួយគឺ៖ (១) ការអប់រំ (២) ការបង្ការទប់ស្កាត់ (៣) ការងារអនុវត្តច្បាប់បង្ក្រាបបទល្មើសដែលយន្តការនេះត្រូវបានរាជរដ្ឋាភិបាលគាំទ្រ ជំរុញ និងជួយជ្រោមជ្រែងឱ្យអនុវត្ត ដោយមានការចូលរួម និងការទទួលខុសត្រូវពីសំណាក់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់រួមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ ផ្នែកសិក្សាធិការ និងសង្គមស៊ីវិល ជាដើម។
IV. សមត្ថកិច្ចស៊ើបអង្កេតរបស់ អ.ប.ព.
ការស៊ើបអង្កេតបទល្មើសពុករលួយ គឺជាសមត្ថកិច្ចផ្តាច់មុខរបស់ អ.ប.ព. តែមួយគត់។ ក្រសួងស្ថាប័ន និងអង្គភាពដទៃទៀតដែលបានដឹងពីបទល្មើសពុករលួយទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បទល្មើសពុករលួយដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់ និងបទប្បញ្ញត្តិច្បាប់ដទៃទៀតជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្តឹងមក អ.ប.ព. ឬការិយាល័យប្រឆាំងអំពើពុករលួយរាជធានី-ខេត្ត អំពីរឿងហេតុនៃបទល្មើសទាំងនោះ។ នីតិវិធីសម្រាប់អនុវត្តចំពោះបទល្មើសពុករលួយត្រូវអនុវត្តតាមនីតិវិធីដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ កាលណាពុំមានចែងនីតិវិធីដោយឡែកនៅក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនេះទេ។
អ.ប.ព. បានរៀបចំឱ្យមានយន្តការទទួល និងដោះស្រាយពាក្យប្តឹង ហើយយន្តការនេះត្រូវបានទទួលការវាយតម្លៃជាវិជ្ជមាន ជាទូទៅពីសំណាក់អ្នកប្តឹង និងសាធារណជន។ រាល់ពាក្យប្ដឹង ទោះបីប្ដឹងផ្ទាល់ ឬតាមប្រអប់សំបុត្រស តាមប្រៃសណីយ៍ តាមទូរស័ព្ទ តាមអ៊ីម៉ែល និងតាមបណ្តាញទំនាក់ទំនងសង្គម ត្រូវបានយកមកពិនិត្យ និងដោះស្រាយ ក្នុងកិច្ចប្រជុំអាហារពេលព្រឹក (ចាប់ផ្តើមម៉ោង ០៧:៣០ នាទី) នៅរៀងរាល់ព្រឹក នៃថ្ងៃធ្វើការ ដើម្បីពិនិត្យ វិភាគលើពាក្យប្តឹងដែលបានដាក់មកមួយថ្ងៃមុននៃកិច្ចប្រជុំដែលបានរៀបចំឡើង ដោយមានការបើកទ្វារជូនដល់ម្ចាស់បណ្តឹង ចូលស្តាប់ការពិភាក្សាវែកញែក និងចូលរួមមតិ ដើម្បីទទួលបាននូវធាតុចូលផ្សេងៗបន្ថែមទៀតផងដែរ។ ឱកាសក្នុងការចូលរួម និងការមើលឃើញផ្ទាល់នូវសក្ខីភាព នៃកិច្ចប្រឹងប្រែងប្រកបដោយសមត្ថភាព ដោយស្មារតីទទួលខុសត្រូវ វិជ្ជាជីវៈច្បាស់លាស់របស់ អ.ប.ព. ក្នុងការដោះស្រាយបណ្តឹងតែងតែទទួលបាននូវការសាទរពីសំណាក់អ្នកប្តឹង។
យន្តការដោះស្រាយបណ្តឹង និងស៊ើបអង្កេត ក៏ត្រូវបានប្រើប្រាស់សម្រាប់ព័ត៌មានដែលទទួលបានទាំងប្រភពចំហ និងចារកម្មក្រោមគោលការណ៍តឹងរឹង និងមិនអាចដោះដូរបាន នៃការរក្សាការសម្ងាត់នៃប្រភព ក៏ដូចជាសាក្សី ទាំងនៅក្នុង អ.ប.ព. និងនៅក្រៅ ជាពិសេសនៅពេលសំណុំរឿងត្រូវបានបញ្ជូនទៅតុលាការ។
បន្ថែមពីនេះ អ.ប.ព. ក៏បានបន្តពង្រឹង និងពង្រីកជាប្រចាំនូវសមត្ថភាពជំនាញ ចាំបាច់ ដែលបម្រើដល់ការស៊ើបអង្កេត រួមមាន សមត្ថភាពប្រមូលព័ត៌មាន តាមដាន ចារកម្ម កោសល្យវិច័យហិរញ្ញវត្ថុ និងកុំព្យូទ័រ បច្ចេកទេស និងការ កសាងសំណុំរឿង ជាដើម។ ជាមួយជំនាញ សមត្ថភាព ការអំណត់តស៊ូ និងការបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការល្អពីបណ្តាភាគីពាក់ព័ន្ធ អ.ប.ព. សម្រេចបាននូវការបំបែកសំណុំរឿងពិបាក ស្មុគស្មាញ សាំញុំាជាបន្តបន្ទាប់ ហើយក៏ឈានដល់ការទប់ស្កាត់ និងការរឹបអូសផលនៃបទល្មើសគួរឱ្យកត់សម្គាល់ផងដែរ បន្ទាប់ពីដំណើរការរឿងក្ដីនៅតុលាការត្រូវបានបញ្ចប់។
មន្ដ្រីនៃ អ.ប.ព. ដែលបានទទួលនីតិសម្បទាជាមន្ដ្រីនគរបាលយុត្ដិធម៌ មានភារកិច្ចស៊ើបអង្កេតបទល្មើសពុករលួយ។ ក្នុងករណីស៊ើបអង្កេតបទល្មើសពុករលួយ ហើយរកឃើញបទល្មើសផ្សេងទៀតដែលមានអង្គហេតុទាក់ទិននឹងបទល្មើសដែលកំពុងស៊ើបអង្កេត មន្ដ្រីនៃ អ.ប.ព. អាចធ្វើការស៊ើបអង្កេតបទល្មើសទាំងនោះរហូតចប់នីតិវិធី។ អ.ប.ព. មិនអាចចាប់ផ្ដើមការស៊ើបអង្កេតបទល្មើសអ្វីក្រៅពីបទល្មើសពុករលួយបានទេ លើកលែងតែមានបញ្ជាពីអាជ្ញាធរតុលាការឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតបទល្មើសផ្សេងក្រៅពីបទល្មើសពុករលួយ។ នៅក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេត ប្រធាន អ.ប.ព. ឬតំណាងដែលបានចាត់តាំងយ៉ាងត្រឹមត្រូវមានតួនាទីដឹកនាំសម្របសម្រួល និងត្រួតពិនិត្យបេសកកម្មរបស់មន្ត្រីទាំងនេះ ជំនួសតួនាទីរបស់ព្រះរាជអាជ្ញារហូតដល់មានការឃាត់ខ្លួនជនសង្ស័យ។ បន្ទាប់ពីមានការឃាត់ខ្លួន ព្រះរាជអាជ្ញាត្រូវអនុវត្តអំណាចរបស់ខ្លួនដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។
ក្នុងការស៊ើបអង្កេតបទល្មើសពុករលួយច្បាប់បានផ្ដល់បុព្វសិទ្ធិដល់ អ.ប.ព. ទាក់ទងនឹងការតាមដានពោលគឺ ក្នុងករណីដែលមានតម្រុយជាក់លាក់ថាមានបទល្មើសពុករលួយ អ.ប.ព. អាច៖
• ពិនិត្យនិងដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលនូវគណនីធនាគារឬគណនីឯទៀត ដែលចាត់ទុកដូចជាគណនីធនាគារ។
• ធ្វើការត្រួតពិនិត្យ និងបង្គាប់ឱ្យផ្ដល់ ឬថតចម្លងលិខិតយថាភូត ឬលិខិតឯកជន ឬឯកសារធនាគារ ហិរញ្ញវត្ថុ និងពាណិជ្ជកម្មទាំងអស់។
• តាមដាន ឃ្លាំមើល លបស្ដាប់ លបថតសំឡេង និងរូបភាព និងដាក់ខ្សែទូរសព្ទក្រោមការលបស្ដាប់និងថត។
• ចូលទៅពិនិត្យឯកសារនានា ព្រមទាំងឯកសាររក្សាទុកក្នុងប្រព័ន្ធអេឡិចត្រូនិក។
• រៀបចំប្រតិបត្ដិការដែលមានគោលដៅប្រមូលភស្ដុតាងជាក់ស្ដែង។
វិធានការខាងលើនេះមិនត្រូវចាត់ទុកថាជាការរំលោភលើការសម្ងាត់វិជ្ជាជីវៈឡើយ។ ការសម្ងាត់របស់ធនាគារក៏មិនមែន ជាយុត្ដិកម្មសម្រាប់បដិសេធមិនផ្ដល់ភស្ដុតាងពាក់ព័ន្ធនឹងបទល្មើសពុករលួយឡើយ។
នៅចុងបញ្ចប់នៃការស៊ើបអង្កេតនីមួយៗ អ.ប.ព. ត្រូវបញ្ជូនរាល់កិច្ចនីតិវិធីទាំងអស់ទៅព្រះរាជអាជ្ញា ដើម្បីចាត់ការបន្ដស្របតាមបទប្បញ្ញត្ដិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។
V. កិច្ចសហប្រតិបត្តិការអន្ដរជាតិ
អ.ប.ព. រួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការអន្ដរជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយទាំងកម្រិតតំបន់ និងសកល ដែលកិច្ចសហប្រតិបត្តិការនេះអាចធ្វើឡើងក្នុងរូបភាពទ្វេភាគី ពហុភាគី ឬរវាងស្ថាប័ន និងស្ថាប័ន និងតាមការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (MLA)។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងស្ថាប័ន អ.ប.ព. អាចផ្តល់ជំនួយដូចខាងក្រោម៖
• មុនការស្នើសុំជាផ្លូវការសម្រាប់ MLA ពេលដែលបានទទួលសំណើពីភាគីណាមួយ អ.ប.ព. ជួយផ្តល់ព័ត៌មានសម្ងាត់ក្នុងការស៊ើបអង្កេត
• បន្ទាប់មក អ.ប.ព. ជួយប្រមូលព័ត៌មាន និងដាក់ការឃ្លាំមើលជនសង្ស័យ
• នៅពេលដែលសំណើជាផ្លូវការសម្រាប់ MLA ត្រូវបានធ្វើឡើង អ.ប.ព. នឹងជួយសម្រួលសំណើផ្លូវការ
ក្នុងករណីមានការស្នើសុំទៅ អ.ប.ព. ដើម្បីជួយផ្តល់ព័ត៌មាន ដាក់ការឃ្លាំមើល និងស្វែងរកមុខសញ្ញាក្នុងដំណាក់កាលស៊ើបអង្កេត សំណើនេះអាចផ្ញើទៅ អ.ប.ព. ដោយផ្ទាល់។ អ.ប.ព. រីករាយក្នុងការងារនេះ ដោយរំពឹងថាភាគីស្នើសុំក៏អាចទទួលយកសំណើរបស់ អ.ប.ព. ដូចគ្នាដែរ។
ចំពោះការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (MLA) កម្ពុជាអនុវត្តតាមច្បាប់ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (MLA)។ ចំពោះនីតិវិធីគឺសំណើរបស់រដ្ឋបរទេសត្រូវបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) នៃព្រះរាជាណាចក្រកម្ពុជា ឬអាជ្ញាធរកណ្ដាល (ក្រសួងយុត្តិធម៌)។ ក្នុងករណីសំណើបញ្ជូនទៅ MFAIC សំណើនោះនឹងត្រូវបញ្ជូនបន្តទៅអាជ្ញាធរកណ្ដាលនៃក្រសួងយុត្តិធម៌ (MoJ) ដើម្បីបន្តនីតិវិធី។2>
លើសពីនេះ កិច្ចសហប្រតិបត្តិការអន្ដរជាតិក៏អាចធ្វើឡើងក្នុងក្របខណ្ឌពង្រឹងសមត្ថភាពមន្ដ្រីនៃស្ថាប័ននីមួយៗ ការផ្លាស់ប្ដូរទស្សនកិច្ច និងចែករំលែកបទពិសោធន៍ទៅវិញទៅមកផងដែរ៕
*****************