មាត្រា ៥០ - បទប្បញ្ញត្តិដែលត្រូវអនុវត្តក្នុងរឿងបត្យាប័ន
បទប្បញ្ញត្តិនៃជំពូកទី២ មាតិកាទី១ គន្ថីទី៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ត្រូវយកមកអនុវត្តក្នុងរឿងបត្យាប័នពាក់ព័ន្ធនឹងបទល្មើសពុករលួយ។
មាត្រា ៥១ - ជំនួយផ្នែកច្បាប់ទៅវិញទៅមក
ក្នុងករណីបទល្មើសពុករលួយ អាជ្ញាធរតុលាការនៃព្រះរាជណាចក្រកម្ពុជាអាចប្រគល់អំណាចឲ្យទៅអាជ្ញាធរតុលាការមានសមត្ថកិច្ចនៃរដ្ឋបរទេសណាមួយ និងអាចទទួលអំណាចពីអាជ្ញាធរតុលាការនៃរដ្ឋបរទេសណាមួយដែរដើម្បីៈ
១ - ប្រមូលយកសក្ខីភាព ឬយកចម្លើយដែលឆ្លើយតាមផ្លូវតុលាការ។
២ - ឲ្យដំណឹងពីលិខិតផ្សេងៗរបស់តុលាការ។
៣ - ធ្វើការឆែកឆេរ ឃាត់ទុក និងដកហូត។
៤ - ធ្វើការពិនិត្យវត្ថុ និងទីកន្លែង។
៥ - ផ្តល់ព័ត៌មាន និងវត្ថុតាង។
៦ - ផ្តល់ឯកសារកំណត់ហេតុជាច្បាប់ដើម ឬសេចក្តីចម្លងដោយមានបញ្ជាក់ថាត្រឹមត្រូវតាម ច្បាប់ដើមនៃឯកសារ និងសំណុំរឿង រាប់ទាំងសេចក្តីស្រង់បញ្ជីប្រាក់ពីធនាគារ ឯកសារគណនេយ្យ សំណុំរឿងរបស់ក្រុមហ៊ុន និងឯកសារពាណិជ្ជកម្មព្រមទាំងលិខិតយថាភូត ឬលិខិតឯកជន។
៧ - បង្ហាញ ឬផ្តល់សាក្សីអ្នកជំនាញ ឬជនដទៃទៀតរាប់ទាំងជនជាប់ឃុំខ្លួនផងដែលយល់ព្រមជួយក្នុងការស៊ើបអង្កេត ឬយល់ព្រមចូលរួមក្នុងនីតិវិធី។
៨ - កំណត់អត្តសញ្ញាណ ឬស្រាវជ្រាវរកធនធានទ្រព្យសម្បត្តិ បរិក្ខារ និងសម្ភារៈទាំងឡាយដែលបានមកពីការប្រព្រឹត្តបទល្មើស និងមធ្យោបាយបទល្មើស។
៩ - ដាក់ក្រោមវិធានការរក្សាទុកជាបណ្តោះអាសន្ននូវផលិតផល និងទ្រព្យសម្បត្តិដែលបាន មកពីបទល្មើសពុករលួយព្រមទាំងបរិក្ខារ សម្ភារៈដែលបានប្រើប្រាស់ ឬទុកសម្រាប់ប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើសពុករលួយ។
១០ - ចាត់ឲ្យអនុវត្តសេចក្តីសម្រេចដែលបញ្ជារឲ្យធ្វើការរឹបអូសដកហូត ឬយកវិញនូវផលិតផលទ្រព្យសម្បត្តិ បរិក្ខារ សម្ភារៈទាំងឡាយដែលបានមកពីការប្រព្រឹត្តអំពើពុករលួយ។
១១ - បញ្ជារឲ្យធ្វើការរឹបអូសវត្ថុទាំងឡាយដែលមានចែងក្នុងចំណុចខាងលើ។
១២ - ឲ្យដំណឹងអំពីការចោទប្រកាន់តាមនីតិវិធីព្រហ្មទណ្ឌ។
១៣ - សួរចម្លើយជនត្រូវចោទតាមនីតិវិធីព្រហ្មទណ្ឌ។
១៤ - រកឲ្យឃើញ និងកំណត់អត្តសញ្ញាណសាក្សី និងជនសង្ស័យ។
មាត្រា ៥២ - ករណីពលរដ្ឋខ្មែរដែលមានសញ្ជាតិលើសមួយ
ស្ថាប័នប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ពន្ធមានកាតព្វកិច្ចស្វះស្វែងរកកិច្ចសហប្រត្តិការអន្តរជាតិ និងជំនួយផែ្នកច្បាប់ទៅវិញទៅមកអំពីស្ថានភាពទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរដែលមានសញ្ជាតិលើសពីមួយ។
មាត្រា ៥៣ - នីតិវិធីជំនួយផ្នែកច្បាប់ទៅវិញទៅមក
នីតិវិធីនៃការអនុវត្តន៍ជំនួយផ្នែកច្បាប់ទៅវិញទៅមក ត្រូវអនុវត្តតាមគោលការណ៍ទាំងឡាយឡាយដែលបានកំណត់ក្នុងសន្ធិញ្ញា ឬកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងច្បាប់ជាតិជាធរមាន។