មាត្រា ២១ - នីតិវិធីសម្រាប់អនុវត្តចំពោះបទល្មើសពុករលួយ
នីតិវិធីសម្រាប់អនុវត្តចំពោះបទល្មើសពុករលួយដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ និង បទល្មើសពុករលួយដែលមានចែងនៅក្នុងច្បាប់នេះ ត្រូវអនុវត្តតាមនីតិវីធីដែលមានចែងនៅក្នុងក្រមនីតិវីធីព្រហ្មទណ្ឌ កាលណាពុំមានចែងនីតិវិធីដោយឡែកនៅក្នុងច្បាប់នេះទេ។
មាត្រា ២២. មន្រ្តីមានសមត្ថកិច្ចនៅក្នុងការស៊ើបអង្កេតបទល្មើសពុករលួយ
ប្រធាន អនុប្រធាន និង មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយដែលទទួលបាននីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ មានសមត្ថកិច្ចស៊ើបអង្កេតលើបទល្មើសពុករលួយដែលមានចែងនៅក្នុងច្បាប់នេះ និង បទល្មើសពុករលួយដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។
អង្គភាពផ្សេងទៀតដែលបានដឹងអំពីបទល្មើសពុករលួយទាំងឡាយដែលមានចែងនៅក្នុងច្បាប់នេះ និងបទល្មើសពុករលួយដែលមានចែងក្នុងក្រមព្រហ្មទណ្ឌត្រូវប្ដឹងទៅអង្គភាព ឬ ការិយាល័យរាជធានី-ខេត្ត ប្រឆាំងអំពើពុករលួយអំពីរឿងហេតុនៃបទល្មើសទាំងនេះ។
មាត្រា ២៣ - ការផ្តល់នីតិសម្បទាចំពោះមន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ
ប្រធាន និង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយមានគុណសម្បត្តិជាមន្រ្តីនគរបាលយុត្តិធម៌ដោយពេញច្បាប់ ដើម្បីបំពេញមុខងាររបស់ខ្លួន។
មន្រ្តី នៃអង្គភាពប្រឆាំងអំពើពុករលួយអាចទទួលបាននីតិសម្បាទាជាមន្រ្តីនគរ បាលយុត្តិធម៌ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចរៀបចំបញ្ជីឈ្មោះ មន្រ្តី នៃអង្គភាពប្រឆាំងអំពើពុករលួយដែលត្រូវទទួលបាននីតិសម្បទាជាមន្រ្តី នគរបាលយុត្តិធម៌ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
មាត្រា ២៤ - សម្បថ
ប្រធាន អនុប្រធាន និង មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយដែលបានទទួលនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ត្រូវសម្បថថាបំពេញមុខងាររបស់ខ្លួនដោយស្មោះត្រង់តាមលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រា ៦៣ (សម្បថនែមន្រ្តីនគរបាលយុត្តិធម៌) នែក្រមនីតិវិធីព្រហ្មទណ្ឌ។
មាត្រា ២៥ - អំណាចស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ
មន្រ្តីនៃអង្គភាពប្រឆាំអំពើពុករលួយដែលបានទទួលនីតិសម្បទានគរបាលយុត្តធម៌ ធ្វើការស៊ើបអង្កេតបទល្មើសពុករលួយ ដោយអនុលោមតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ និង បទប្បញ្ញត្តិនៅក្នុងច្បាប់នេះ។
មន្ត្រីនៃអង្គភាពប្រឆាំអំពើពុករលួយដែលបានទទួលនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌មានភារកិច្ចស៊ើបអង្កេតបទល្មើសពុករលួយ។ ក្នុងករណីស៊ើបអង្កេតបទល្មើសពុករលួយហើយរកឃើញបទល្មើសផ្សេងទៀតដែលមានអង្គហេតុទាក់ទិននឹងបទល្មើសដែលកំពុងស៊ើបអង្កេត មន្រ្តីនៃអង្គភាពប្រឆាំអំពើពុករលួយ អាចធ្វើការស៊ើបអង្កេតបទល្មើសទាំងនោះរហូតចប់នីតិវិធី។
អង្គភាពប្រឆាំអំពើពុករលួយមិនអាចចាប់ផ្តើមការស៊ើបអង្កេតបទល្មើសអ្វីក្រៅពីបទល្មើសពុករលួយបានទេ លើកលែងតែមានបញ្ជាពីអាជ្ញាធរតុលាការឲ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតបទល្មើសអ្វីក្រៅពីបទល្មើសពុករលួយ។
តុលាការអាចបញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើកោសលវិច័យនានាដើម្បីជួយដល់ការវិនិច្ឆ័យរបស់តុលាការ។
នៅក្នុងក្របខណ្ឌនៃការស៊ើបអង្កេតទាំងនេះ និង ដោយបដិប្បញ្ញត្តិទៅនឹងមាត្រា ៨៥ (អំណាយរបស់មន្រ្តីនគរបាលយុត្តិធម៌នៅក្នុងករណីស៊ើបអង្កេតបទល្មើសជាក់ស្ដែង) មាត្រា ៩១ (ការឆែកឆេរ) មាត្រា ៩៤ (បទបញ្ជាឲ្យចូលខ្លួនក្នុងករណីការស៊ើបអង្កេតបទល្មើសជាក់ស្ដែង) និង មាត្រា ១១៤ (ការបញ្ជាឲ្យចូលខ្លួន ការស៊ើបអង្កេតបឋម) នែក្រមនីតិវិធីព្រហ្មទណ្ឌ ប្រធានអង្គភាពប្រឆាំអំពើពុករលួយ ឬ តំណាងដែលខ្លួនបានចាត់តាំងយ៉ាងត្រឹមត្រូវ មានតួនាទីដឹកនាំ សម្របសម្រួល និង ត្រួតពិនិត្យបេសកម្មរបស់មន្រ្តីទាំងនេះជំនូសតួនាទីរបស់ព្រះរាអាជ្ញារហូតដល់មានការឃាត់ខ្លួនជនសង្ស័យ។
បន្ទាប់ពីមានការឃាត់ខ្លួន ព្រះរាអាជ្ញាអនុវត្តអំណាចរបស់ខ្លួនដូចបានកំណត់នៅក្នុងបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។
នៅចុងបញ្ចប់នៃការស៊ើបអង្កេតនីមួយៗ អង្គភាពប្រឆាំអំពើពុករលួយត្រូវបញ្ជូនរាល់កិច្ចនីតិវិធីទាំងអស់ទៅព្រះរាជអាជ្ញា ដើម្បីចាត់ការបន្តស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។
មាត្រា ២៦ - បុព្វពិសេសរបស់អង្គភាពប្រឆាំអំពើពុករលួយ
ប្រធាន អង្គភាពប្រឆាំអំពើពុករលួយអាចស្នើសុំពីអាជ្ញាធរឋានានុក្រមពាក់ ព័ន្ធ ឲ្យផ្អាកជាបណ្ដោះអាសន្ននូវមុខងារនៃបុគ្គលទាំងឡាយណាដែលមាន ភស្ដុតាងគ្រប់គ្រាន់បញ្ជាក់ថាជាប់ទាក់ទិននឹងរឿងហេតុនៃបទល្មើស ពុករលួយ។
ប្រសិនបើជនជាប់សង្ស័យរត់គេចខ្លួនទៅបរទេស ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអាចស្មើសុំទៅអាជ្ញាធរមានសមត្ថកិច្ចធ្វើបត្យាប័នតាមបទប្បញ្ញត្តិជាធរមាន។
អង្គភាព ប្រឆាំងអំពើពុករលួយអាចរៀបចំឲ្យ មានទីកន្លែងមួយចំនួនជាអចិន្រ្តៃយ៍ ឬ បណ្ដោះអាសន្នសមស្រប សម្រាប់ការឃាត់ខ្លួននានាដែលធ្វើឡើងស្របទៅតាមក្រមនីតិវិធីព្រហ្ម ទណ្ឌ។ នៅកន្លែងណាដែលអង្គភាពប្រឆាំងអំពើពុករលួយមិនអាចរៀបចំឲ្យ មានទីកន្លែងជាអចិន្ត្រែយ៍ ឬ ជាបណ្ដោះអាសន្នសមស្របសម្រាប់ការឃាត់ខ្លួន អង្គភាពប្រឆាំងអំពើពុករលួយអាចសុំឲ្យស្ថាប័នមានសមត្ថកិច្ចរក្សា ទុកជនដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន។
មាត្រា ២៧ - បុព្វសិទ្ធិរបស់អង្គភាពប្រឆាំងអំពើពុករលួយទាក់ទងនឹងការតាមដាន
ដោយបដិប្បញ្ញត្តិទៅនឹងមាត្រា ១០៥ (ការហាមឃាត់មិឲ្យ ស្ដាប់ដោយឯកឯងជាអាតទិ៍) និង មាត្រា ១៧២ (ការស្ដាប់ទូរស័ព្ទជាអាទិ៍ដែលបង្គាប់ដោយចៅក្រមស៊ើបសូរ) នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងករណីដែលមានតម្រុយជាក់លាក់ថាមានបទល្មើសពុករលួយអង្គភាពប្រឆាំងអំពើពុករលួយអាច៖
ក- ពិនិត្យ និង ដាក់ឲ្យ ស្ថិតក្រោមការឃ្លាំមើលនូវគណនីធនាគារ ឬ គណនីឯទៀតដែលចាត់ទុកដូចជាគណនីធនាគារ។
ខ- ធ្វើការត្រួតពិនិត្យ និងបង្គាប់ឲ្យផ្ដល់ ឬ ថតចម្លងលិខិតយថាភូត ឬ លិខិតឯកជន ឬ ឯកសារធនាគារ ហិរញ្ញវត្ថុ និង ពាណិជ្ជកម្មទាំងអស់។
គ- តាមដាន ឃ្លាំមើល លបស្ដាប់ លបថតសំឡេងនិងរូបភាព និងដាក់ខ្សែទូរស័ព្ទក្រោមការលបស្ដាប់ និង ថត ។
ឃ- ចូលទៅពិនិត្យឯកសារនានា ព្រមទាំងឯកសាររក្សាទុកក្នុងប្រព័ន្ធអេឡិចត្រូនិក។
ង- រៀបចំប្រតិបត្តិការដែលមានគោលដៅប្រមូលភស្ដុតាងជាក់ស្ដែង។
វិធានការខាងលើនេះ មិនត្រូវចាត់ទុកថាជាការរំលោភលើការសម្ងាត់វិជ្ជាជីវៈឡើយ។ ការសម្ងាត់របស់ធនាគារក៏មិនមែនជាយុត្តិកម្មសម្រាប់បដិសេធមិនផ្តល់ភស្ដុតាងពាក់ព័ន្ធនឹងបទល្មើសពុករលួយ ដែលមានបញ្ញត្តនៅក្នុងច្បាប់នេះឡើយ។
មាត្រា ២៨. បុព្វសិទ្ធិរបស់អង្គភាពប្រឆាំងអំពើពុករលួយទាក់ទងនឹងការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល
តាមការស្នើសុំរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រាជរដ្ឋាភិបាលអាចធ្វើអធិបញ្ញាឪ្យអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ឬ ព្រះរាជអាជ្ញាអមសាលាដំបូង បង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលបានប្រព្រឹត្តបទល្មើស ដែលមានចែងនៅក្នុងច្បាប់នេះ និង បទល្មើសពុករលួយដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។
ទ្រព្យសម្បត្តិរបស់បុគ្គលដែលបានចែងនៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ រាប់បញ្ចូលទាំងមូលនិធីដែលបានមក ឬ បង្កើតបានជាទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់បុគ្គលនោះ។
មាត្រា ២៩ - បុព្វសិទ្ធិរបស់អង្គភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរសាធារណៈ
ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ អាចធ្វើអធិបញ្ជាដល់អាជ្ញាធរសាធារណៈមន្រ្តីរាជការ ពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោត ព្រមទាំងបណ្ដាអង្គភាពនៃវិស័យឯកជនពាក់ព័ន្ធមានជាអាទិ៍ ស្ថាប័នហិរញ្ញវត្ថុធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្រ្តីនៃ អង្គភាពក្នុងការងារស៊ើបអង្កេត។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏អាចស្មើសុំការសហការពីស្ថាប័នជាតិ និង អន្តរជាតិក្នុងការធ្វើកោសលវិច័យនានាទាក់ទងទៅនឹងការស៊ើបអង្កេតរបស់ខ្លួនផងដែរ។
មាត្រា ៣០ - ការចាប់យក
ការចាប់យកត្រូវអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌ។
មាត្រា ៣១ - នីតិវិធីនៅចំពោះមុខតុលាការព្រហ្មទណ្ឌ
នៅក្នុងរឿងក្តីព្រហ្មទណ្ឌពាក់ព័ន្ធនឹងបទល្មើសពុករលួយ តុលាការដែលបានទទួលបណ្ដឹង ត្រូវធ្វើការបើកសវនាការជំនុំជម្រះយ៉ាងឆាប់បំផុត។