មាត្រា១៧ - សមាសភាពបុគ្គលិកដែលត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល
ក្នុងពេលចូលកាន់មុខតំណែង និងក្នុងពេលចេញពីមុខតំណែងបុគ្គលដូចខាងក្រោមនេះត្រូវប្រកាសទ្រសម្បត្តិរបស់ខ្លួនជាលាយលក្ខណ៍អក្សរ ឬជាទម្រង់អេឡិចត្រូនិចទោះជាទ្រព្យសម្បត្តិនោះនៅក្រៅប្រទេសក្តី ឬក្នុងប្រទេសក្តីរួមទាំងបំណុលផងហើយដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយដោយសាមីខ្លួនផ្ទាល់ៈ
១ - សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល។
២ - មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំង។
៣ - សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយប្រធានអនុប្រធាន និងមន្រ្តីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។
៤ - មន្រ្តីរាជការស៊ីវិលយោធា នគរបាលជាតិ និងអ្នករាជការសាធារណៈផ្សេងទៀតដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ។
៥ - មន្រ្តីផ្សេងទៀតដែលតែងតាំងដោយប្រកាសហើយត្រូវបានកំណត់ឲ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមបញ្ជីដែលរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
៦ - ចៅក្រមអាសនៈចៅក្រមអយ្យការសារការីក្រឡាបញ្ជី និងអាជ្ញាសាលា។
៧ - ថ្នាក់ដឹកនាំនៃសង្គមស៊ីវិល
មាត្រា ១៨ - របបប្រកាសទ្រព្យសម្បត្តិ និងបំណុល
មន្រ្តីដូចជាមានចែងក្នុងមាត្រា ១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និង បំណុល) ខាងលើនេះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនរៀងរាល់ ២ (ពីរ) ឆ្នាំម្ដង នៅដើមខែមករា ហើយមិនឲ្យហូសពីថ្ងៃទី ៣១ ខែមករាឡើយ។ ការប្រកាសទ្យព្យសម្បត្តិ និងបំណុលលើកដំបូងត្រូវអនុវត្តធ្វើ ៣០ (សាមសិប) ថ្ងៃយ៉ាងយូរ ក្រោយពេលចូលកាន់មុខតំណៃង។ ចំណែកការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទីពីរ ត្រូវធ្វើនៅខែ មករា ឆ្នាំទី ៣ នៃការកាន់មុខតំណែង ហើយការប្រកាសទ្យព្យសម្បត្តិ និង បំណុលចុងក្រោយត្រូវធ្វើ ៣០ (សាមសិប) ថ្ងៃយ៉ាងយូរមុនពេលចាកចេញពីមុខតំណែង។ ក្នុងករណីមិនអាចធ្វើការប្រកាសមុនពេលចាកចេញពីមុខតំណែងបានដោយមូលហេតុមានការដកហូតមុខតំណែង ត្រូវប្រកាសយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ ក្រោយការចាកចេញពីមុខតំណែង។
ចំពោះបុគ្គលដែលមានសមាសភាពដូចមានចែងក្នុងមាត្រា ១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និង បំណុល) ដែលកំពុងបំពេញមុខតំណែងត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និង បំណុលលើកដំបូងក្នុងរយៈពេល ៦០ (ហុកសិប) ថ្ងៃ បន្ទាប់ពីស្ថាប័នប្រឆាំងអំពើរលួយបានបង្កើតឡើងដូចមានចែងក្នុងមាត្រា៥៤ (ការរៀបចំដំណើរការរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង អង្គភាពប្រឆាំងអំពើពុករលួយ) នៃច្បាប់នេះ។
ទម្រង់បែបបទ និង នីតិវិធីនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវកំណត់ដោយសេចក្ដីសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
មាត្រា ១៩ - ជនផ្សេងទៀតដែលត្រូវប្រកាសទ្រព្យសម្បត្តិ និង បំណុល
ក្រោយពីត្រូវបានស៊ើបអង្កេត និង ទទួលសេចក្ដីសម្រេចពីអង្គភាពប្រឆាំងអំពើពុករលួយ ជនដែលមានការពាក់ព័ន្ធនឹងអំពើពុករលួយត្រួវធ្វើការប្រកាសទ្រព្យសម្បត្តិ និង បំណុលរបស់ខ្លួនជាលាយលក្ខណ៌អក្សរ ឬ ជាទម្រង់អេឡិច ទោះវីជននោះពុំមានឈ្មោះក្នុងបញ្ជីប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមានចែងក្នុងមាត្រា ១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និង បំណុល) និង មាត្រា ១៨ (របបប្រកាសទ្រព្យសម្បត្តិ និង បំណុល) នៃច្បាប់នេះក៏ដោយ។
ការប្រកាសទ្រព្យសម្បត្តិ និង បំណុលរបស់ជនដែលជាប់ពាក់ព័ន្ធខាងលើនេះត្រូវអនុវត្តតាមនីតិវិធី ដូចមានចែងក្នុងមាត្រា ១៨ (របបប្រកាសទ្រព្យសម្បត្តិ និង បំណុល) នៃច្បាប់នេះរហូតពេលដែលអស់មានការចាំបាច់។
មាត្រា ២០ - ការរក្សារទុកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល
សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗនៃអ្នកប្រកាសទ្រព្យសម្បត្តិ និង បំណុលត្រូវទុកជាការសម្ងាត់ខ្ពស់បំផុត និង ធ្វើជាទម្រង់អេឡិចត្រូនិកដោយមានលេខសម្ងាត់ ឬ ធ្វើជាលិខិតជាពីរច្បាប់តាមគំរូដែលកំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយដាក់ក្នុងស្រោមសំបុត្រពីរដាច់ដោយឡែកពីគ្នា ដែលមួយច្បាប់រក្សាទុកដោយសមីខ្លួន និងមួយច្បាប់ទៀតរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ។ លើមាត់ស្រោមសំបុត្រដែលបិទជិតត្រូវប្រថាប់ត្រា និង ចុះហត្ថលេខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬ តំណាងព្រមទាំងមានផ្ដិតម្រាមដៃសាមីខ្លួនផង។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអាចធ្វើការសម្រេចបើកស្រោមសំបុត្រ ឬ បើកមើលឯកសារអេឡិចត្រូនិកខាងលើដើម្បីបុព្វហេតុនៃការស៊ើបងង្កេតតាមការចាំបាច់។
អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវរក្សាសំណុំឯកសារប្រកាសទ្រព្យសម្បត្តិ និង បំណុលក្នុងរយៈពេលយ៉ាងតិច ១០ (ដប់) ឆ្នាំ ចាប់ពីពេលទទូលសំណុំឯកសារ។
នីតិវិធីក្នុងការបើកស្រោមសំបុត្រ ឬបើកមើលឯកសារអេឡិចត្រូនិកប្រកាសទ្រព្យសម្បត្តិ និង បំណុលត្រូវកំណត់ដោយសេចក្ដីសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយ។