មាត្រា ៥ - ស្ថាប័នប្រឆាំងអំពើពុករលួយ
ស្ថាប័នប្រឆាំងអំពើពុករលួយរួមមានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាព ប្រឆាំងអំពើពុករលួយ។
ស្ថាប័នប្រឆាំងអំពើពុករលួយមានរូបសញ្ញា និងត្រាសម្រាប់ប្រើប្រាស់ក្នុងដំណើរការការងាររបស់ខ្លួនដែលនឹងត្រូវកំណត់ដោយអនុក្រឹត្យ។
ផ្នែកទី១
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
មាត្រា ៦ - ការបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
ត្រូវបានបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលមានតួនាទីពិគ្រោះយោបល់ និងផ្តល់អនុសាសន៍លើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានសមាជិក ១១ (ដប់មួយ) រូប ដែលមានសមាសភាពដូចខាងក្រោមៈ
១ - ឥស្សរជន ១ (មួយ) រូប តែងតាំងដោយព្រះមហាក្សត្រ។
២ - ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងដោយព្រឹទ្ធសភា តាមសំឡេងភាគច្រើនដាច់ ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
៣ - ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងដោយរដ្ឋសភាតាមសំឡេងភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
៤ - ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងចេញពីរាជរដ្ឋាភិបាល។
៥ - ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងដោយ ឬចេញពីអាជ្ញាធរសវនកម្មជាតិ។
៦ - ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងដោយ ឬ ចេញពីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច។
៧ - ឥស្សរជន (មួយ) រូប ជ្រើសតាំងដោយ ឬចេញពីក្រុមប្រឹក្សាអ្នកច្បាប់។
៨ - ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងដោយ ឬ ចេញពីក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
៩ - ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងដោយ ឬចេញពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
១០ - ឥស្សរជន ១ (មួយ) រូប ជ្រើសតាំងចេញពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
១១ - ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
សមាជិកនីមួយៗ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ត្រូវមានលក្ខណៈសម្បត្តិដូចតទៅៈ
- សញ្ជាតិខ្មែរពីកំណើត
- មានសីលធម៌ល្អ និងមានកេរ្តិ៍ឈ្មោះស្អាតស្អំ
- មិនដែលមានទោសមជ្ឈិម ឬឧក្រិដ្ឋ ឬ មិនមានក្ស័យធន
- មានសញ្ញាបត្រចាប់ពីឧត្តមសិក្សាឡើងទៅ
- មានបទពិសោធន៍ការងារក្នុងសង្គមយ៉ាងតិច ១០ (ដប់) ឆ្នាំ
- មានអាយុយ៉ាងតិច ៤៥ (សែសិបប្រាំ) ឆ្នាំ។
មាត្រា ៧ - អាណត្តិ ការដកចេញពីតំណែង និងការជំនួសតំណែង
សមាជិកទាំងអស់នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ សម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ។ អាណត្តិនេះអាចត្រូវបន្តជាថ្មី។
ក្នុងករណីសមាជិកណាម្នាក់នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយទទួលមរណភាព
លាលែងចេញពីតំណែង ឬត្រូវបានបណ្ដេញចេញពីមុខតំណែង ឬមិនអាចបំពេញមុខតំណែង
របស់ខ្លួនបានដោយប្រការណាមួយចាប់ពី ៦ (ប្រាំមួយ) ខែឡើងទៅមុនពេលបញ្ចប់អាណត្តិ សមាជិកថ្មីត្រូវបានតាំងជំនួស។
តំណែង របស់សមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយណាក៏ដោយនឹង ត្រូវបពា្ចប់ដោយស្វ័យប្រវត្តនៅពេលដែលតុលាការសម្រេចថា សមាជិកនោះមានទោសពីបទមជ្ឈិម ឬ បទឧក្រិដ្ឋណាមួយ។
ក្នុងករណីទាំងឡាយខាងលើនេះ ប្រធានត្រូវកោះប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីសម្រេច និងចាត់វិធានការសមស្របពាក់ព័ន្ធនឹងការបញ្ចប់តំណែង ការដកហូតតំណែង ព្រមទាំងការជ្រើសតាំងឥស្សរជនជំនួស ស្របតាមមាត្រា ៦ (ការបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ) នៃច្បាប់នេះ។
មាត្រា ៨ - ការជ្រើសតាំងប្រធាន និងអនុប្រធាន
ប្រធាន និងអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវជ្រើសតាំង ដោយការបោះឆ្នោតពីសមាជិករបស់ខ្លួនតាមសំឡេងភាគច្រើនដាច់ខាត ដែលត្រូវធ្វើឡើងក្នុងសម័យប្រជុំលើកទី ១ តាមការកោះអញ្ជើញរបស់សមាជិក ដែលមានវ័យចាស់ជាងគេ។ ក្នុងករណីបោះឆ្នោតលើលទី ១ ពុំបានសម្រេច ការបោះឆ្នោតលើកទី ២ ត្រូវយកមតិភាគច្រើនដោយប្រៀប។
ក្នុងករណីដែលប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអវត្តមាន ឬមិនអាចបំពេញ ភារកិច្ចបាន អនុប្រធានបំពេញភារកិច្ចជំនួស។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនអាចឈរឈ្មោះជាប្រធាន ឬអនុប្រធានក្រុម ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានឡើយ។
មាត្រា ៩ - ឋានៈរបស់សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានឋានៈ ដូចខាងក្រោមៈ
- ប្រធាន មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី
- អនុប្រធាន មានឋានៈស្មើទេសរដ្ឋមន្ត្រី
- សមាជិក មានឋានៈស្មើរដ្ឋមន្ត្រី។
មាត្រា ១០ - ភាកិច្ចរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានភារកិច្ចដូចតទៅៈ
- កសាងយុទ្ធសាស្រ្ត និងនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយ
- ពិគ្រោះយោបល់ និងផ្តល់អនុសាសន៍ដល់អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ
- ឃ្លាំមើលដំណើរការការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ
- ស្នើអង្គភាពប្រឆាំងអំពើពុករលួយឲ្យរាយការណ៍ ឬបំភ្លឺ
- ធ្វើរបាយការណ៍ជូននាយករដ្ឋមន្ត្រី អំពីដំណើរការរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- ធ្វើរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំជូននាយករដ្ឋមន្ត្រី
- រៀបចំ និងអនុម័តបទបញ្ជាផ្ទៃក្នុងដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន។
ផ្មែកទី២
អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ
មាត្រា១១ - ការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ
ត្រូវបានបង្កើតអង្គភាពប្រឆាំងអំពើពុករលួយដែលមានឯករាជ្យភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
អង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយប្រធាន១ (មួយ) រូបមានឋានៈស្មើរដ្ឋមន្រ្តីជាជំនួយការតាមការចាំបាច់។
ប្រធាននិងអនុប្រធានត្រូវតែងតាំងដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្រ្តី។
ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពប្រឆាំងអំពើពុករលួយត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា១២ - លក្ខណសម្បត្តិនៃប្រធាននិងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
ប្រធាននិងអនុប្រធានត្រូវមានលក្ខណៈសម្បត្តិដូចទៅៈ
- មានសញ្ជាតិខ្មែរពីកំណើត
- មានសីលធម៌ល្អនិងកេរ្តិ៍ឈ្មោះស្អាតស្អំ
- មិនដែលមានទោសមជ្ឈិម ឬឧក្រិដ្ឋ ឬមិនមានក្ស័យធន
- មានសញ្ញាបត្រចាប់ពីថ្នាក់ឧត្តមសិក្សាឡើងទៅ
- មានបទពិសោធន៍ការងារក្នុងសង្គមយ៉ាងតិច៧ (ប្រាំពីរ) ឆ្នាំ
- មានអាយុយ៉ាងតិច ៣៥ (សាមសិបប្រាំ) ឆ្នាំ។
មាត្រា១៣ - ភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចដូចខាងក្រោមៈ
- អនុវត្តច្បាប់បទបញ្ជា និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបទល្មើសពុករលួយជាធរមាន
- រៀបចំកសាងផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយស្របតាមយុទ្ធសាស្ត្រ និងនយោបាយរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- ដឹកនាំការងារទប់ស្កាត់ និងបង្រាបអំពើពុករលួយ
- តាមដានស៊ើបអង្កេតត្រួតពិនិត្យ និងធ្វើការសិក្សាស្រាវជ្រាវព្រមទាំងលើកវិធានការនានាពាក់ព័ន្ធនឹងបទល្មើសពុករលួយនៅតាមក្រសួងស្ថាប័នអង្គភាពសាធារណៈ និងឯកជនទាំងអស់ស្របតាមនីតិវិធីជាធរមាន
- ទទួល និងពិនិត្យរាល់ពាក្យបណ្តឹងដែលពាក់ព័ន្ធនឹងអំពើពុករលួយព្រមទាំងចាត់ការទៅតាមនីតិវិធីជាធរមាន
- ស្វែងរក ពិនិត្យ និងរៀបចំឯកសារ និងព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយ
- រក្សាការសម្ងាត់ជាដាច់ខាត់ចំពោះប្រភពព័ត៌មានទាក់ទងនឹងអំពើពុករលួយ
- ចាត់វិធានការចាំបាច់ដើម្បីរក្សាសន្តិសុខដល់បុគ្គលដែលផ្តល់ព័ត៌មានទាក់ទងនឹងអំពើពុករលួយ
- ធ្វើការគ្រប់គ្រងប្រព័ន្ធការប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមានប្បញ្ញត្តក្នុងច្បាប់នេះ
- ដឹកនាំការងារឃោសនាអប់រំមហាជនអំពីផលវិបាកនៃអំពើពុករលួយ និងលើកទឹកចិត្តឲ្យមហាជនចូលរួមក្នុងការបង្ការទប់ស្កាត និងកម្ចាត់អំពើពុករលួយ
- ពិនិត្យ និងលើកគម្រោងថវិការប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- ទទួលឆ្លើយបំភ្លឺដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរចំពោះរាល់សំណួរដែលលើកឡើងដោយសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឬសមាជិករដ្ឋសភា
- បម្រើសេវាការងារជូនក្រុមព្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- តែងតាំងផ្លាស់ប្តូរនិងគ្រប់គ្រង ឬលើកសំណើរតែងតាំងផ្លាស់ប្តូរមន្រ្តីរាជការក្រោមឱវាទក្នុងអង្គភាពប្រឆាំងអំពើពុករលួយ
- ធ្វើសហប្រតិបត្តិការជាមួយអង្គការជាតិអង្គការតំបន់អង្គការអន្តរជាតិនានាដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្លងដែន
- ធ្វើរបាយការណ៍អំពីសកម្មភាពទាំងឡាយរបស់អង្គភាពប្រឆាំងអំពើពុករលួយជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- មានសិទ្ធិធ្វើការព្រមានចំពោះមុខសញ្ញាដែលក្នុងដំណាក់កាលដំបូងមានការខកខានមិនបានអនុវត្តច្បាប់ និងបទប្បញ្ញាតិ្តជាធរមានក្នុងគោលដៅបង្ការ និងទប់ស្កាត់អំពើពុករលួយ។
មាត្រា១៤ - មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ
មន្រ្តីបម្រើការងារនៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយរួមមានមន្រ្តីរាជការដែលត្រូវបានតែងតាំង ឬផ្ទេរ ឬបញ្ជូនមកបម្រើការងារក្នុងអង្គភាព និងមន្រ្តីដែលត្រូវបានជ្រើសរើសឲ្យបម្រើការងារតាមកិច្ចសន្យា។ មន្រ្តីទាំងអស់ខាងលើនេះត្រូវគោរពតាមបទប្បញ្ញត្តិទាំងឡាយនៃច្បាប់លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធដទៃទៀតជាធរមាន។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអាចជ្រើសរើសអ្នកជំនាញការអ្នកឯកទេស និងអ្នកស្រាវជ្រាវជាតិអន្តរជាតិជាប់កិច្ចសន្យា ឬដោយស្ម័គ្រចិត្តឲ្យមកផ្តល់យោបល់បច្ចេកទេសពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ។
មាត្រា១៥ - បណ្តាញនៃអង្គភាពប្រឆាំងអំពើពុករលួយ
អង្គភាព ប្រឆាំងអំពើអាចមានការិយាល័យរបស់ខ្លួននៅគ្រប់រាជធានីខេត្តនៃ ព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើជាបណ្តាញការងាររបស់ខ្លួន។
ការិយាល័យប្រឆាំងអំពើពុលរលួយអនុវត្តការងាររបស់ខ្លួនក្រោមការដឹកនាំរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តការងាររបស់ខ្លួនក្រោមការដឹកនាំរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ការិយាល័យប្រឆាំងអំពើពុករលួយដឹកនាំប្រធានមួយរូប និងអនុប្រធានមួយចំនួនជាជំនួយការតាមការចាំបាច់។